ចាភ្នំ យីរ៉ាម តួឯកកែងឆេះជង្គង់ហោះជនជាតិខ្មែរពីជីវិតអ្នកដាំពោតក្លាយជាតារាក្បាច់គុណហូលីវូដ
ចាភ្នំ យីរ៉ាម ដែលទស្សនិកជនខ្មែរជាច្រើននាក់ស្គាល់ថា គឺជាអ្នកប្រដាល់ក្បាច់ខ្មែរបុរាណម្នាក់នៅសុរិន្ទ
(ខ្មែរលើ) ហើយធ្លាប់សម្ដែងក្នុងខ្សែភាពយន្ដក្នុងរឿង”កែងឆេះ ជង្គង់ហោះ”និងរឿងវាយតប់ជាច្រើននោះ
នៅក្នុងខ្សែភាពយន្ដវាយតប់ប្រហែលជាលោកអ្នកស្គាល់ហើយលោក ចាភ្នំ(ក្រោយមកដូឈ្មោះជា
តូនី ចា) ដែលជាតួអង្គម្នាក់ដែលល្បីល្បាញខាងក្បាច់គុន រហូតដល់គេដាក់រហស្សនាមថា
ជាស្ដេចប្រដាល់។
លោកតូនីចាប់ផ្ដើមល្បីជាលើកដំបូងនៅក្នុងរឿង”Ong Bak” ដែលនៅក្នុងរឿងនេះធ្វើឲ្យល្បីនៅក្នុងពិភពលោក
ដោយសារតែនៅក្នុងរឿងនេះ វាពោរពេញទៅដោយភាពប៉ិនប្រសប់ក្បាច់គុនពូកែ ហើយប្លែក
ជាពិសេសកំពូលតារា តូនី ចា បានលេងដោយមិនខ្លាចគ្រោះថ្នាក់ឡើយ សូម្បីតែអ្នកដឹកនាំរបស់អាមេរិកដែលគេមើលហើយក៏មានការភ័យខ្លាចដែរ។
ព្រោះនៅក្នុងរឿងនោះមានការផ្សងគ្រោះថ្នាក់ច្រើនណាស់ ប៉ុន្ដែនៅក្នុងរឿងនេះ
គេក៏សង្កេតឃើញថា មានការឆ្លុះបញ្ចាំងពីរឿងរ៉ាវញាណទិព្វទំនៀមទម្លាប់ និងវប្បធម៌របស់ខ្មែរសុរិន្ទ
ដែលបានបន្សល់ទុកនូវកេរមរតកពីបុព្វបុរសរបស់គេបន្ដមករហូតដល់កូនចៅជំនាន់ក្រោយនេះ។
ជាក់ស្ដែងដូចជាការគោរពទៅលើសត្វដំរីព្រោះតែជឿលើភាពស័ក្ដសិទ្ធិរបស់សត្វដំរីមួយនេះ
និងក្បាច់គុនបូរាណខ្មែរដែលជាក្បាច់គុនល្បីរបស់វិរបុសតាំងពីបូរាណកាលមកម្ល៉េះ។
ជីវប្រវត្តិខ្លះៗ
លោក តូនី ចា មានឈ្មោះពិតថា “ចាភ្នំ យីរ៉ាម” ហើយឈ្មោះកាលពីកំណើតរបស់លោកគឺ”Worawit”
ប៉ុន្ដែលោកតូនីបានប្ដូរឈ្មោះទៅជា
“ចាភ្នំ” កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៨៨ បន្ទាប់ពីឪពុករបស់លោកបានយល់សប្ដិដឹងសាច់រឿងដែលគេតម្រូវឲ្យផ្លាស់ប្ដូរឈ្មោះលោក។
ក្រោយមកទៀតនៅក្នុងឆ្នាំ ១៩៩៨ គាត់ក៏ត្រូវបានប្ដូឈ្មោះថា តូនី ចា វិញ នៅពេលដែលលោកបានចូកប្រឡូកនៅក្នុងខ្សែភាពយន្ដ
ហើយគេក៏អាចហៅឈ្មោះក្រៅរបស់លោកបានថា “ចាភ្នំ”។
លោក តូនី ចា កើតនៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ១៩៧៦ នៅខេត្តសុរិន្ទ នៅតំបន់ឥសាន
(ភាគឥសាននៃប្រទេសថៃ) លោកមានកំពស់ ១,៧២ម និងមានទម្ងន់៦២គីឡូក្រាម។ សព្វថ្ងៃលោកមានអាស័យដ្ឋាននៅទីក្រុងបាងកក
និងសុរិន្ទ (អតីតទឹកដីខ្មែរ)។ នៅក្នុងគ្រួសារ លោកគឺជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់
ដែលមានបងប្អូនស្រីពីរនាក់ និងប្រុសម្នាក់ដែលពួកគេមានឈ្មោះថា(Weaw-siri,Hattaya
និងTaweesak)។ បើនិយាយពីការសិក្សារបស់លោកវិញនោះ
គឺលោកបានសិក្សាផ្នែកកាយសម្បទានៅមហាវិទ្យាល័យ”Maha Sarakhma
Physical Eduction College” ហើយលោកមានសមត្ថភាពអាចនិយាយភាសាខ្មែរ ថៃ និងអង់គ្លេស។
លោកដើមកំណើតជនជាតិខ្មែរ សញ្ជាតិថៃ កាន់
សាសនាព្រះពុទ្ធ។ ជារៀងរាល់ថ្ងៃសីល
លោកតែងតែទៅវត្តមិនដែលខានឡើយ។ សព្វថ្ងៃនេះលោកមិនទាន់មានភរិយានៅឡើយទេ ។ លោកគឺជាប្រភេទមនុស្សស្រឡាញ់ធម្មជាតិ
និងសត្វណាស់ នៅភូមិរបស់លោកមានសត្វសំណព្វពីរក្បាលនោះ គឺសត្វដំរី ដែលសត្វទាំងពីរនេះគឺសុទ្ធតែមានអាយុចាស់ជាងលោកទៅទៀត
គឺពួកវាមានអាយុ៦០ឆ្នាំប្លាយ ហើយវាមានឈ្មោះ ដុកម៉ៃ និង ប៉ៃម៉ៃ។
លោក តូនី ចា ចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនខ្មែរសុរិន្ទនេះតាំងពីគាត់មានអាយុ១០ឆ្នាំមកម្ល៉េះ
ហើយលោកគ្រូដែលបង្ហាត់គាត់ គឺជាឪពុកបង្កើតរបស់គាត់។ ហើយកាលនៅពីតូចនោះឪពុករបស់គាត់តែងតែគំរាមលោកថា
គាត់នឹងសម្លាប់លោកចោល បើសិនជាលោកមិនព្រមហាត់ក្បាច់គុនជាមួយនឹងគាត់នោះ ព្រោះឪពុករបស់លោក
គឺជាអ្នកប្រដាល់ក្បាច់គុនខ្មែរសុរិន្ទ ហេតុដូច្នេះហើយបានជាគាត់មានបំណងឲ្យ
តូនី ចេះក្បាច់គុន ដើម្បីស្នងមរតកជាអ្នកប្រដាល់ពីគាត់។ ចំពោះតារាល្បីដែលលោក
តូនី ស្រលាញ់នោះគឺ “Bruce Lee, Jet Li, និងលោក Jackie Chan” ។
សព្វថ្ងៃនេះឪពុករបស់លោកកំពុងតែរស់នៅឯខេត្តសុរិន្ទជាមួយនឹងសត្វសំណព្វចិត្តទាំងពីររបស់គេ
ដែលសត្វដំរីនេះគឺជាកេរមរតកដែលបន្សល់ទុកពីជីដូនជីតារបស់គេមក។ គ្រួសាររបស់លោកគឺសុទ្ធតែជាកសិករដែលរកស៊ីដាំពោត
និងធ្វើស្រែ។
កាលពីមុនលោកក៏ធ្លាប់បានជួបជាមួយនឹងលោក Jackie Chan និង Steven
Seagle ផងដែរ ។
ហើយលោកក៏ធ្លាប់បានប្រកួតបាន៥ដងដែរ
នៅឯជំរំនៅពេលដែលលោកនៅហាត់ក្បាច់គុនមកម្ល៉េះ ការប្រកួតនោះ គឺលោកទទួលបានជ័យជំនះទាំង៥លើក។
នៅក្នុងខែមិថុនា ឆ្នាំ១៩៩៥ លោកធ្លាប់ទទួលបានជ័យលាភីលើមនុស្សជាង១០០នាក់នៅទីក្រុងហុងកុង
ក្នុងការប្រកួតជាមួយអ្នកជើងខ្លាំងក្បាច់គុនទាំងអស់នោះ។
កាលពីនៅអាយុ១០ឆ្នាំ ចា បានចាប់អារម្មណ៍ក្នុងការថតកុនណាស់ ហើយលោកក៏បានលួចទៅរៀនផ្នែកសិល្បៈនេះនៅក្នុងស្រុករបស់លោក
ដោយលោកមានក្ដីស្រម៉ៃថា ថ្ងៃណាមួយលោកផលិតខ្សែភាពយន្ដដោយខ្លួនឯង។ ក្រោយមកលោកក៏បានជួបជាមួយ”Panna
Rittikrai”ដែលជាតារាភាពយន្ដមួយរូបរបស់ថៃ ហើយក៏បានជួបលោក ដោយសុំឲ្យលោកបានសុំត្រឹមតែអ្នកជួយវាយតប់ជំនួសតួឯកប៉ុណ្ណោះ
តែដោយឃើញថ្វីដៃល្អ ក៏ធ្វើឲ្យអ្នកដឹកនាំរឿងស្រឡាំងកាំងតែម្ដង។
នេះហើយគឺជាហេតុផលដែលធ្វើឲ្យគាត់បានថតកុនជាលើកដំបូងនោះ ក្រោយមកអាយុ២១ឆ្នាំ
ចា ក៏ត្រូវបានចូលសិក្សានៅមហាវិទ្យាល័យ Mahamarkam ដើម្បីធ្វើការហ្វឹកហាត់បន្ថែមដើម្បីឲ្យមានជំនាញក្នុងការវាយបុក
វាយកែង តែខ្វាន់ដូ យូដូ និងអាយគីដូ។ រហូតមកដល់បច្ចុប្បន្ននេះ គឺលោកបានចូលរួមថតក្នុងខ្សែភាពយន្ដបាន១២រឿងហើយ។
ខាងក្រោមនេះគឹជាបទសម្ភាសន៍ដែលលោកធ្លាប់បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងកម្មវិធីទូរទស្សន៍”IGN”
កន្លងមកជុំវិញរឿងវាយតប់ក្នុងខ្សែភាពយន្ដ។
- ចំពោះក្បាច់គុនក្នុងការប្រដាល់នៅក្នុងសាច់រឿងនោះ តើលោកមានគម្រោងទុកជាមុនឬទេ?
តូនី ចា: ពួកយើងពិតជាត្រៀមរួចជាស្រេចទៅហើយ នៅក្នុងសាច់រឿងមួយៗសុទ្ធតែមានឈុតឆាកខុសប្លែកពីគ្នា
ដូច្នេះយើងត្រូវតែហាត់ទុក ហើយការវាយតប់នោះក៏ត្រូវឲ្យសមនឹងសាច់រឿងដែលតំរូវការ។
ចំពោះពេលវេលាវិញ គឺអាចពី៤-៥នាទី តាមឈុតវែង ឬក៏ខ្លីនោះ ហេតុដូច្នេះហើយម្នាក់ៗត្រូវតែខិតខំធ្វើឲ្យបានល្អបំផុត
ធម្មតាឈុតវាយតប់នេះ គឺពួកយើងបានហាត់វាយគ្នាមុនមួយខែហើយទើបនាំគ្នាថតនោះ
ហើយឈុតវាយតប់នេះយ៉ាងហោចណាស់ក៏៨ឈុតដែរ បើហ៊ានធ្វេសប្រហែស គឺអាចគ្រោះថ្នាក់ដល់ជីវិតបាន។
- តើលោកធ្លាប់ទទួលរងរបួសទេ ក្នុងការថតឈុតវាយតប់នោះ?
តូនី ចា: ការវាយតប់បែបនេះ វាពិតជាធ្វើឲ្យមានរបួសខ្លះហើយ ព្រោះបើលេងមិនស្ដែងនោះទេ
សាច់រឿងក៏មិនសូវល្អដែរ។ ជាក់ស្ដែងដូចជានៅក្នុងរឿង”Ong Bak” នេះ ខ្ញុំត្រូវរបួសដៃជើងពេញខ្លួន
ហើយក៏បែកមាត់ពីរបីដងមកហើយ ទម្រាំតែថតចប់។
- តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលមានទស្សនិកជនបានប្រៀបធៀបលោកទៅអ្នកពូកែវាយតប់ដូចជាលោក
“លីសៀវឡុង “ ឬដូចលោក “ឈិនឡុង”នោះ?
តូនី ចា: ខ្ញុំពិតជាមិនមានសមត្ថភាពដែលអាចយកទៅប្រៀបធៀបជាមួយនឹងអ្នកល្បីដូចលោក“លីសៀវឡុង
“ ឬដូចលោក “ឈិនឡុង” នោះទេ ប៉ុន្ដែខ្ញុំពិតជាមានកិត្តិយសនិងមានមោទនភាពខ្លួនឯងណាស់ដែលទស្សនិកជនបានគាំទ្រ។
ហើយប្រៀបធៀបខ្ញុំដូចទៅនឹងជនល្បីទាំងនោះ ពីព្រោះអ្នកទាំងនោះសុទ្ធតែជាតារាដែលខ្ញុំមានការស្រមើស្រមៃជាយូរមកហើយ
ហើយខ្ញុំក៏មានសេចក្ដីត្រេកអរដែលទស្សនិកជនបានលើកតម្កើងខ្ញុំរហូតដល់ខ្ញុំមានឳកាសបានជួបអ្នកល្បីៗបែបនេះ។-
តើក្រុមផលិតករមានគោលដៅបង្កើតសាច់រឿងឲ្យដូចជាក្រុមហូលីវូដ ឬទេ?តូនី ចា: នៅក្នុងពេលបច្ចុប្បន្ននេះ
ខ្ញុំក៏ដូចជាអ្នកដឹកនាំដែរ ពួកយើងគឺមានគម្រោងផ្សេងៗសំរាប់អនាគតែមិនទាន់ប្រាកដថាបានទទួលជោគជ័យដែរឬអត់នោះទេ
ប៉ុន្ដែទោះបីជាយ៉ាងណាក៏ខ្ញុំសង្ឃឹមថា ទៅអនាគតនឹងមានខ្សែភាពយន្ដដែលធ្វើឲ្យល្បីដូចជាក្រុមហូលីវូដជាមិនខាន៕
















